ព្រះសីហនុ ៖ សេចក្ដីរាយការណ៍ព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថានៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១នេះ មានសោកនាដកម្មគ្រោះថ្នាក់ចរចររថយន្តបុកជាមួយរថយន្ត បានបណ្ដាល ឲ្យមនុស្សប្រុសស្រី១៨នាក់បាត់បង់ជីវិតនៅនឹងកន្លែង និងមនុស្សជាច្រើននាក់ទៀត កំពុងសង្រ្គោះ បន្ទាន់។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រដឹកដែក ធ្វើដំណើរពីខេត្តព្រះសីហនុ បំណងទៅទីក្រុងភ្នំពេញ ចំណែករថយន្តតូរីសដែលធ្វើដំណើរពីផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បំណងទៅក្នុងពិធីមង្គលការនៅខេត្តព្រះសីហនុ លុះមកដល់ចំណោតអូរត្រាវ ព្រំប្រទល់ឃុំបិតត្រាំង និងសង្កាត់លេខ១ ក្រុងព្រះសីហនុ តៃកុងរថយន្តកុងតឺន័របានងងុយដេកបើកចូលចំណែកផ្លូវរបស់រថយន្តតូរីស រហូតបុកបង្គោលអមផ្លូវនៅខាងឆ្វេងដៃ។ ពេលនោះតៃកុងរថយន្តតូរីសបានបើកចុះចំណោត ដោយល្បឿនលឿនមិនអាចទប់ជាប់ក៏ស៊ីផ្លេខ្លាំងៗ។ តៃកុងរថយន្តកុងតឺន័របានភ្ញាក់ឡើងក៏ទាញចង្កូតត្រឡប់មកវិញ បុកគ្នាជាមួយរថយន្តតូរីសពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ អូសរថយន្ត តូរីសប្រហែល៥០ម៉ែត្រ ខ្ទេចម៉ដ្ឋគ្មានសល់អ្វីនោះទេ។
មនុស្ស១៨នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម រួមទាំងតៃកុងរថយន្តកុងតឺន័រផង។ ចំណែកមនុស្ស៧នាក់ផ្សេងទៀតត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរ ពេទ្យ។
រថយន្តកុងតឺន័រជារបស់ក្រុមហ៊ុនឯកជន ឈ្មោះលាង សុខង៉េង ពាក់ស្លាកលេខ 3B0935 និង រថយន្តតូរីស ពណ៌ស ពាក់ស្លាកលេខ 2C9067 ខេត្តតាកែវ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment