Monday, December 14, 2009

មនុស្ស​ជិត​កន្លះ​ពាន់​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៤​ខែ​ចុង​ឆ្នាំ​២០០៩

CEN

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរ​ណ៍​រយៈពេល ៤​ខែ ពី​ខែ​សីហា​-​វិច្ឆិកា ឆ្នាំ​២០០៩​នេះ បាន​កើតឡើង​ចំនួន ១.៧៩០ លើក ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៤៦៥ នាក់ របួសធ្ងន់ ១.៥៦៧ នាក់ របួសស្រាល ១.៤៨២ នាក់ ខូចខាត​ម៉ូតូ ២.០០២ គ្រឿង ខូចខាត​រថយន្ត​ធំ ១៦៥ គ្រឿង និង​រថយន្ត​តូច ៦១៥ គ្រឿង ។ នេះ​បើ​តាម​ការនិយាយ​របស់​លោក​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ប្រធាន​នាយក ដ្ឋា​ន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ប្រចាំ​ខែ​វិច្ឆិកា និង​ផ្សព្វផ្សាយ​ទិសដៅ​អនុវត្ត​បន្ត ។​

​កិច្ចប្រជុំ​ស្តីពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ប្រារព្ធ​ធ្វើឡើង​នៅឯ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃ​ទី ១១ ធ្នូ ២០០៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន គ​.​ប​.​ច​.​ត លោក​ឧត្តមសេនីយ៍ ចាន់ គឹម​សេង ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ លោក​ឧត្តមសេនីយ៍ទោ សោម សុភាព សេនាធិការ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ព្រមទាំង​ចូលរួម​ពី​ស្នងការ ស្នងការរង ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​រាជធានី​-​ខេត្ត ។​

​លោក​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​និយាយទៀតថា បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០០៨ ក្នុង​រយៈពេល​ដូចគ្នា​នេះ ឃើញថា ចំនួន​គ្រោះថ្នាក់ ចរាចរណ៍​បាន​ថយចុះ ៧​លើក តែ​ចំនួន​ស្លាប់​កើនឡើង ១៣ នាក់ ឯ​ចំនួន​របួសធ្ងន់​កើនឡើង ១០០ នាក់ របួសស្រាល ថយ ២៩៧ នាក់ ។ ពលរដ្ឋ​ដែល​រងគ្រោះ​មាន​វ័យ​ពី ១៨-៤៥​ឆ្នាំ​ចំនួន ៧១ ភាគរយ ជា​បុរស ៧៩ ភាគរយ នារី ២១ ភាគរយ និង​ជា​អ្នកជិះ​ម៉ូតូ ៧១ ភាគរយ ។​

​លោក​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​បានបញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​គឺ​លើស​ល្បឿន កំណត់ ៤៨ ភាគរយ ស្រវឹង ១២ ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព ១១ ភាគរយ បើកបរ​ប្រហែស ១១ ភាគរយ ជែង ៩ ភាគរយ និង​កត្តា​ផ្សេងៗ ៩ ភាគរយ ។ គ្រោះថ្នាក់​កើតឡើង​ច្រើន​ជាង​គេ​នៅ ភ្នំពេញ្ញ ខេត្ត​កណ្តាល កំពង់ចាម បាត់ដំបង និង​បន្ទាយមានជ័យ ។​

​ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នោះ គណៈ​បញ្ជាការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ ភ្នំពេញ​-​ខេត្ត​ឃាត់​ម៉ូតូ សរុប ១៧៧.១៧២ គ្រឿង រថយន្ត ៨.៧១៩ គ្រឿង ដោះស្រាយ​ក្រោយ​ម្ចាស់​បំពេញ​កាតព្វកិច្ច​ច្បាប់​ម៉ូតូ​ចំនួន ១៧៦.៨៧៤ គ្រឿង (​អត់​មួក ៩០.៤៤៤ គ្រឿង អត់​កញ្ចក់ ៦២.៧៩៨ គ្រឿង អត់​កញ្ចក់​+​មួក ១២.៧៣៨ គ្រឿង អត់​ស្លាក លេខ ៩.៣០៩ គ្រឿង អត់​ពន្ធ ៤.៣៤៣ គ្រឿង ល្មើស​សញ្ញា​ចរាចរណ៍ ១.៥២០ គ្រឿង លើស​ចំណុះ ១៣ គ្រឿង និង​ស្រវឹង ៧ គ្រឿង ។ គណៈ​បញ្ជាការ​ត្រួត ពិនិត្យ​ចរាចរណ៍​ក៏​បាន​ដោះស្រាយ​រថយន្ត ៨.៧១០ គ្រឿង ដែល​ខុស​បច្ចេកទេស​ល្មើស​ល្បឿន​គ្មាន​ស្លាក​លេខ អត់​ពន្ធ ដឹក​សំពីងសំពោង ល្មើស​សញ្ញា​ចរាចរណ៍ បើក​អត់​ពាក់​ខ្សែក្រវាត់ ផ្ទុក​លើស​ទម្ងន់ និង​ស្រវឹង ។​

​នៅក្នុង​រយៈពេល ៤​ខែ​ដដែល​នេះ ខាង​គណៈ​បញ្ជាការ​ដឹក​នាំ​បញ្ជា​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ ផ្លូវគោក​រាជធានី​-​ខេត្ត ក៏​បាន​ពិន័យ​ជា ប្រាក់ ៧៦.៧៤១.០០០ រៀល (​ជាង ៧៦ លាន​រៀល​) និង​ឃាត់​ម៉ូតូ​អត់​ពន្ធ ២៩៨ គ្រឿង ព្រមទាំង​រកឃើញ​រថ​យន្ត​ល្មើស ល្បឿន​នៅតាម​ផ្លូវ​ជាតិ​លេខ​១, ៤, ៥, ៦ និង​បណ្តា​ផ្លូវ​ក្នុង​រាជធានី​ចំនួន ១.២៦៤ គ្រឿង និង​បើកបរ​ស្រវឹង ៦៨២ នាក់ ។​

​បន្ថែម​ពីលើ​នេះ​ទៀត ប៉ូលិស​ក៏​បាន​ចាត់វិធានការ​កាត់​ទ្រុង​រថយន្ត​ដឹក​ជញ្ជូន​ខុស​បច្ចេកទេស​ ចំនួន ២១ គ្រឿង អប់រំ​ធ្វើ​កិច្ចសន្យា​ចំនួន ៨២ គ្រឿង ហើយ​បញ្ជូន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅកាន់​តុលាការ​ចំនួន ១០៣ ករណី ។​

​លោក​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​យើង​សង្កេតឃើញថា ប្រជាពលរដ្ឋ​ភាគច្រើន​ចូល រួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ដូចជា ការ​ពាក់មួក​សុវត្ថិភាព បំពាក់​កញ្ចក់​មើល​ក្រោយ ការពាក់​ស្លាក​លេខ ពាក់​ខ្សែក្រវាត់ ការបង់ពន្ធ ការគោរព​សញ្ញា​ចរាច​រណ៍ ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពុំ​ទាន់​ថយចុះ​ច្រើន​នោះ​ទេ ដោយ​បញ្ហា​ល្មើស​ល្បឿន និង​ស្រវឹងស្រា​នៅតែ​កើតមាន​ច្រើន ម្យ៉ាងទៀត​យុវវ័យ​មួយចំនួន បើកបរ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ និង​ឥរិយាបថ​មិនល្អ ងាយ​បង្ក​គ្រោះ ថ្នាក់ ។​

​លោក​ឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​កោតសរសើ​រដល់​ការខិត​ខំប្រឹង​ប្រែ​ង​របស់​អគ្គបញ្ជាការដឹ​ក​នាំ​ បញ្ជា ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ូលិស​ចរាចរណ៍ និង​ដៃគូ​សហការ​ជាច្រើន​ទៀត ។ តែ​លោក​ក៏ បាន​លើក​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ដូចជា​ការបំពាក់​ស្លាក​សញ្ញា​តាម​ដងផ្លូវ​ជាដើម ៕

No comments: