Friday, November 2, 2012

ក្រុមអ្នកជំនាញរួមគ្នាកសាងផែនការសកម្មភាពថ្នាក់ជាតិស្តីពីមួកសុវត្ថិភាព ដើម្បីជួយឱ្យកម្ពុជាកាត់បន្ថយអត្រាស្លាប់ និងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍


សិក្ខាសាលាថ្នាក់ជាតិមួយបានរៀបចំឡើងដោយ​គណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរ​ណ៍ ផ្លូវគោក ដោយសហការជាមួយអង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​សកល តាមរយៈ​មូលនិធិ សប្បុរស​របស់ប៊្លូមប៊ើក​ ដែលប្រព្រឹត្តទៅនាថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព​​របស់ឯកឧត្ដម សួន រចនា រដ្ឋលេខាធិការ​ក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយវត្តមានរបស់ ឯកឧត្ដម លោកជំទាវ​ មន្រ្តីជំនាញមកពីក្រសួងពាក់ពន្ធ័ តំណាងអង្គការ​កំពុងបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងក្រុមហ៊ុនឯកជន​ ជា​ច្រើនរូប​ទៀត សរុបចំនួនប្រមាណ ៧០រូប។

គោលបំណងនៃសិក្ខាសាលានេះ គឺកសាងផែនការសកម្មភាពថ្នាក់ជាតិស្តីពីមួកសុវត្ថិភាព​ ដែលមានលក្ខណៈពិស្តារ និងប្រកបដោយប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់រយៈពេលបីឆ្នាំ (២០១៣ ដល់២០១៥) ដែលជាផ្នែកមួយជួយឱ្យរាជរដ្ឋាភិបាល អាចសម្រេចផែនការបង្កើនអត្រាពាក់មួក សុវត្ថិភាពដល់១០០% ទូទាំងប្រទេសត្រឹមឆ្នាំ២០២០​ អ្វីជាពិសេសគឺសង្រ្គោះជីវិតអ្នកប្រើប្រាស់​ផ្លូវគ្រប់រូប ទាំងអ្នក​បើកបរ និងអ្នករួមដំណើរតាមម៉ូតូ កុំឱ្យរងរបួសក្បាលធ្ងន់ធ្ងរនៅ​ពេលដែល​ជួប​ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍។

តាមរបាយការណ៍ប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១ មានជនរងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់សរុបចំនួន ១៩០៥​នាក់​ ក្នុងនោះ អ្នកប្រើប្រាស់ម៉ូតូ (អ្នកបើកបរ និងអ្នករួមដំណើជាមួយ)​​ បានបាត់បង់ជីវិតរហូតដល់ ១២៦២នាក់​​ ដែលក្នុងនោះប្រមាណ ៧០%​ មានរបួសក្បាល។របាយការណ៍នេះក៏បានរកឃើញផងដែរថាអ្នករួមដំណើរពី​ក្រោយ​មាន អត្រារងរបួសក្បាលខ្ពស់ជាង​​អ្នកបើកបរម៉ូតូទៅទៀត។​ ការសិក្សាជាអន្តរជាតិមួយបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវអាច កាត់បន្ថយការប្រឈមនឹងការស្លាប់ដោយសាររបួស​ក្បាលបាន​ប្រមាណជិត៤០% ហើយព្រមទាំងជួយកាត់បន្ថយការប្រឈមទៅ​នឹងរបួសក្បាល​ធ្ងន់ធ្ងរ​​បានខ្ពស់ជាង៧០%

ក្នុងឆ្នាំ២០១១​ អង្គការជនពិការអន្តរជាតិ សហការជាមួយ​សកលវិទ្យាល័យ​​ចនហប់គីន ក្នុងការអង្កេតលើការពាក់មួកសុវត្ថិភាពក្នុងខេត្ត/ក្រុងចំនួន៣ រួមមានខេត្ត​កណ្ដាល កំពង់ស្ពឺ​និងរាជធានីភ្នំពេញ​ លទ្ធផលបានបង្ហាញថា អត្រាពាក់មួកសុវត្ថិភាពក្នុងចំណោម​​អ្នកបើកបរម៉ូតូ មាន៦៣%​ រីឯអ្នករួមដំណើរ (អ្នកជិះពីក្រោយ) គឺមានត្រឹមតែ៦% ប៉ុណ្ណោះ

សិក្ខាសាលានេះបានប្រព្រឹត្ដទៅដោយមានការពិភាក្សា និងផ្ដល់យោបល់យ៉ាងផុលផុស ពីក្រុមការងារបច្ចេក​ទេស និងអ្នកជំនាញដែលបានចូលរួម មានជាអាទិ៍អនុសាសន៍គន្លឹះ និង​សកម្មភាព​​​យុទ្ធសាស្រ្តទាំងឡាយ ដែល​ជាត្រីវិស័យសម្រាប់អនុវត្តជំរុញ ធ្វើយ៉ាងណាឱ្យអត្រា ពាក់មួកសុវត្ថិភាពមានការ​កើន​ឡើងស្របទៅតាមទឹសដៅដែលបានកំនត់។

គួររំលឹកដែរថា ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅលើសកលលោក បានប្តេជ្ញា កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់​​ចរាចរណ៍ ​​ឱ្យបាន៥០%ត្រឹមឆ្នាំ២០២០​តាមរយៈការអនុវត្តន៍ផែនការជាតិរបស់ខ្លួន ស្របទៅនឹងផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក របស់​អង្គការសហប្រជាជាតិ ឆ្នាំ ២០១១​‌-២០២០៕


សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទង៖
លោកស្រី ម៉ែនច័ន្ទសុកុល ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ
អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ទូរស័ព្ទៈ​ 077​​ 777​ 795
អ៊ីម៉ែលៈnrsc@roadsafetycambodia.info
            mensokol@yahoo.com  
វេបសាយៈ​ www.roadsafetycambodia.info
ហេ្វសប៊ុកៈ​ NRSC-Cambodia

No comments: